រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល អំពាវនាវអោយប្រជាពលរដ្ឋបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ និងគ្រប់ពេលវេលា

  • 729
  • ដោយ poeuninfo

មានប្រសាសន៍នៅក្នុងយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងចែក​មួកសុវត្ថភាពដល់អ្នកបើកបរម៉ូតូ សំរាប់ឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនានាព្រឹកថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅក្បែរវិមានឯករាជ្យ, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវនាវអោយប្រជាពលរដ្ឋបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ និងគ្រប់ពេលវេលា ទោះបីផ្លូវជិត ឬផ្លូវឆ្ងាយក៏ដោយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ការ​ពាក់​មួក​សុវត្ថិ​ភាព​ជា​​វិធី​​សាស្រ្ត​​ដ៏​​មាន​​ប្រសិទ្ធ​​ភាព​​បំផុត​​  ដើម្បី​​កាត់​​បន្ថយ​​ការ​​រង​​របួស​​ក្បាល​​ និង​​ការ​​ស្លាប់​​បាត់​​បង់​​ជី​វិត​​ដែល​​បណ្តាល​​មក​​ពី​​ការ​​បុក​​ទង្គិច​​គ្នា​​ ពេល​​ធ្វើ​​ដំ​ណើរ​​តាម​​ទោ​​ចក្រ​​យាន​​យន្ត​។ ​តាម​​ការ​​សិក្សា​​ស្រាវ​​ជ្រាវ​​បាន​បង្ហាញ​​ថា ​​នៅ​​ពេល​​​មាន​​​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​កើត​​ឡើង ​​អ្នក​​ធ្វើ​​ដំ​ណើរ​​តាម​​ទោ​​ចក្រ​​យាន​​យន្ត ​​ដែល​​មិន​ពាក់​មួក​​សុវត្ថិ​​ភាព​​មាន​​ហា​​និភ័យ​​ប្រ​ឈម​​នឹង​​ការ​​រង​​របួស​​ក្បាល​​ចំនួន​​បួន​​ដង​ ​ និង​​ការ​​ប៉ះ​​ទង្គិច​​ដល់​​ខួរ​​ក្បាល​​ចំនួន​​ដប់​​ដង​​ ខ្ពស់​​ជាង​​អ្នក​​ដែល​​បាន​​ពាក់​​មួក​​សុវត្ថិ​ភាព។ ​ឯកឧត្តម ផាន់ ចាន់ធុល ក៏បានមានប្រសាសន៍បន្តថា៖ គ្រោះថ្នាក់ចរាចរណ៍ ជាឃាតកលាក់មុខដែលបានអោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ បានស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ដោយសារ​ការធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍ដែលនាំមកនូវមហន្តរាយដ៏ធំធេង ប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ គ្រោះថ្នាក់ចរាចរណ៍ផ្តើមចេញកត្តា ៣សំខាន់ៗ គឺមនុស្ស សម្ភារៈ និងផ្លូវ ដែលកត្តាទាំង៣នេះ យើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ក្នុងពេលបើកបរយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវសាធារណៈ។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តទៀត​ថា៖ យុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងការ​​ចែក​មួកសុវត្ថភាព​ដល់​អ្នកបញ្ជា​ទោចក្រយានយន្ត​នា​ពេល​នេះ គឺជា​ការ​ដាស់​ស្មារតី​ដល់​អ្នកបើកបរ​ទាំងឡាយ អោយ​មានការ​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​សុវត្ថិភាព​ក្នុង​ពេល​បើកបរ ពិសេសពេលក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ។

សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ជា សីហា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានអោយដឹងថា៖ បើប្រៀបធៀបនឹងឆ្នាំ២០១៨ នៅឆ្នាំ២០១៩ គឺករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ចំនួន ១២ករណី ដោយឆ្នាំ២០១៨ មាន៥០ករណី និងឆ្នាំ២០១៩ មាន៣៨ករណី។ ចំណែកចំនួនអ្នកស្លាប់មានការ​កើន​ឡើង ចំនួន ៥នាក់ ដោយឆ្នាំ២០១៨ ស្លាប់ចំនួន ១៣នាក់ និងឆ្នាំ២០១៩ ស្លាប់ ចំនួន ១៨នាក់, អ្នករបួសធ្ងន់ មានការថយចុះ ចំនួន ១១នាក់ ដោយឆ្នាំ២០១៨ របួស ចំនួន ៤៩នាក់ និងឆ្នាំ២០១៩ របួស ចំនួន ៤៩នាក់, និងរបួសស្រាល មានការថយចុះ ចំនួន ៧នាក់ ដោយឆ្នាំ២០១៨ របួស ចំនួន ៣៨នាក់ និងឆ្នាំ២០១៩ របួស ចំនួន ៣១នាក់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង