រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មន្ទីរសង្គមកិច្ចអតីតយុទ្ធជន ប្រគល់កុំព្យូទ័រTablets ជូនឃុំ-សង្កាត់ ទាំង០៨ សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ

  • 491
  • ដោយ poeuninfo

នាព្រឹកថ្ងៃច័ន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ទី៣០ ខែធ្នូឆ្នាំ២០១៩ មន្ទីរសង្គមកិច្ច​អតីត​យុទ្ធជន និងយុវនិតិ​សម្បទាខេត្តប៉ៃលិន ក្រោមជំនួយបច្ចេកទេសពីមន្ទីរផែនការខេត្ត បានរៀបចំពិធីប្រគល់កុំព្យូទ័រTablets ជូនដល់ឃុំ-សង្កាត់ ទាំង០៨ ក្នុងខេត្តប៉ៃលិន សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ នៅក្នុងខេត្តប៉ៃលិន។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការអញ្ចើញ​ចូល​រួមពីសំណាក់លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក-លោកស្រីជាមេឃុំ ចៅសង្កាត់ និងស្នៀនឃុំ/សង្កាត់ផងដែរ។

        លោក អិត ពេន ប្រធានមន្ទីរសង្គមកិច្ច​អតីត​យុទ្ធជន និងយុវនិតិសម្ប​ទាខេត្ត​ប៉ៃលិនបានមានប្រសាសន៍ថា៖ ដោយយោងតាម លិខិតលេខ ១០១៤១ សហវ.អកត ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កម្មវិធីផ្តល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារមានអាយុក្រោមពីរឆ្នាំ ត្រូវបានផ្ទេរពីការការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលមកអោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បន្តអនុវត្តកម្មវិធីចាប់ពីដើមឆ្នាំ២០២០។ លោកបន្តថា៖ អត្ថប្រយោជន៍ដែលស្រ្តី និងកុមារត្រូវទទួលបានពីកម្មវិធីនេះ មាន៣ដំណាក់កាល រួមមាន៖ដំណាក់កាលទី១/ ពេលពិនិត្យផ្ទៃពោះទទួលបានបួនលើកក្នុងមួយលើកទទួលបានថវិកា ៤០.០០០រៀល។ ដំណាក់កាលទី២/នៅពេលសម្រាលទទួលបានថវិកាចំនួន២០០.០០០រៀល។ ដំណាក់កាលទី៣/ក្រោយពេលសម្រាលរហូតដល់កុមារអាយុ០២ ឆ្នាំ ទទួលបាន១០លើកក្នុងមួយលើកទទួលបានថវិកា៤០.០០០រៀល សរុបទាំង០៣លើកទទួបានថវិកា៧៦០.០០០រៀល។

        ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ការប្រគល់  កុំព្យូទ័រ​Tablets ជូនដល់លោកឃុំ សង្កាត់ ទាំង០៨នេះ ក្នុងគោលបំណងអោយការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ ឆ្នាំ និងការកំណត់អត្តសញ្ញា​ណកម្មគ្រួសារក្រីក្រតាមការស្នើរ ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និង បញ្ជ្រាបការសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងកម្មវិធីព្រមទាំងដើម្បីបណ្ដុះធនធានមនុស្សប្រកបដោយសមត្ថភាព សម្របខ្លួននឹងសម័យឌីជីថល ខណៈដែលវិទ្យាសាស្ត្រកំពុងរីកចម្រើនឥតឈប់ឈរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងជាពិសេសដើម្បីឆ្លើយតបទៅតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងប្តេជ្ញាចិត្តរបស់អាជ្ញាធរអំពីការគិតគូសុខទុករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមបានមានបន្រសាសន៍បន្តទៀតថា៖ ការប្រើប្រាស់កុំព្យូទ័រTablet នេះដែរ គឺដើម្បីជំរុញល្បឿននៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់បានចាប់រហ័ស និងបង្កភាពងាយស្រួល ដល់គ្រួសារក្រីក្រ ស្វែងរក ឬទទួលបានសេវា ឬជំនួយផ្សេងៗ និងជួយដល់អ្នកផ្ដល់សេវា ឬជំនួយ ពិនិត្យផ្ទៀងផ្ទាត់អត្ដសញ្ញាណសមាជិកគ្រួសារក្រីក្រ ដើម្បីផ្ដល់សេវាឬជំនួយដល់ពួកគាត់ ក្នុងន័យកាត់បន្ថយចំណាយដោយផ្តោតអោយចំប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ពីវិបត្ដិដែលអាចបណ្ដាលអោយធ្លាក់ទៅក្នុងភាពក្រីក្រ ឬធ្វើឱ្យស្ថានភាពលំបាករបស់ពួកគាត់កាន់តែមានសភាពធ្ងន់ធ្ងរឡើង។ ទន្ទឹមនឹងនេះឯកឧត្តមក៍បានសំនូមពរដល់ប្រធានមន្ទីរសង្គមកិច្ច និងមន្ទីរផែនការខេត្ត ត្រូវបើកវគ្គបណ្តុះបណ្តាលពីការប្រើប្រាស់កុំព្យូទ័រ Tablets នេះ ជូនដល់លោកមេឃុំ ចៅសង្កាត់ ស្មៀន ដើម្បីបង្កើននូវសមត្ថភាពការងារ ក្នុងការអនុវត្តជាក់ស្តែង​អោយទទួលបានជោគជ័យ។

        សូមបញ្ជាក់ថា៖ បើតាមលោក ទឹម សុធីម ប្រធានផែនការខេត្តប៉ៃលិនបានអៅយដឹងថា៖ ស្ថានភាពគ្រួសារក្រីក្រក្នុងខេត្តប៉ៃលិន ចុងក្រោយនៅឆ្នាំ២០១៩ សរុបគ្រួសារក្រីក្រចំនួន ៤១១៩ គ្រួសារ ក្នុងនោះគ្រួសារក្រីក្រអតីតយុទ្ធជនមានចំនួន ១៧៥គ្រួសារ និងគ្រួសារក្រីក្រមានផ្ទុកមេរោគអេដស៍ និងជម្ងអេដស៍មានចំនួន ១០០គ្រួសារ។ តាមតួលេខខាងលើ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តប៉ៃលិនមានការថយចុះច្រើន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ដែលគ្រួសារក្រីក្រមានរហូតដល់ទៅ ៥០០០គ្រួសារ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង