រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ជនពិការក្រីក្រ ស្ត្រីមេម៉ាយ និងចាស់ជរាចំនួន ៣៩២គ្រួសារ ទទួលប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន

  • 380
  • ដោយ poeuninfo

នាព្រឹកថ្ងៃច័ន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានបើកផ្តល់ប្រាក់របបគោលនយោបាយជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា សរុបចំនួន ៣៩២គ្រួសារ  មកពីឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការបើកផ្តល់នេះបានធ្វើឡើងនៅសាលាស្រុកសាលាក្រៅ ក្រោមអធិបតីភាពពីឯកត្តម ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីលោកអភិបាលស្រុក លោកប្រធាន អនុប្រធានមន្ទីរ និងលោកលោកមេភូមិ មេឃុំផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកត្តម ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ការផ្តល់ប្រាក់របបគោលនយោបាយនេះ គឺដើម្បីចូលរួមចំណែករបស់រាជរដ្ឋាភិបាលក្នុងការជួយដោះស្រាយបញ្ហាកង្វះខាតលើជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន។ ជាការពិតអំណោយទាំងនេះ មិនបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋទេ ដោយគ្រាប់តែរួមចំណែកដោះស្រាយមួយរយៈពេលខ្លីប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើឡើង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ រាជដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយមានការកសាងនូវមន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស សម្រួលដល់ការបង្ករបង្កើនផលដំណាំ ចិញ្ចឹមសត្វ ការធ្វើដំណើរ ដឹកជញ្ជូនសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញអ្នកវិន្និយោគបរទេស មកដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើនជាលំដាប់។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា៖ ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាលក៏បានបង្កើតច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់អំពីសុខទុក្ខ និងធ្វើអោយជីវភាពរស់នៅរបស់បងប្អូន និងគ្រួសារមានភាពប្រសើរឡើង។

        សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានអោយដឹងថា៖ គោលនយោបាយជូនជនពិការក្រីក្រក្នុងស្រុកសាលាក្រៅសរុបចំនួន ៧០៩នាក់,  ស្រី២៣៦នាក់។ ក្នុងនោះទទួល ៦ខែចំនួន  ៣១៧នាក់, ស្រី ៨៩នាក់  និងទទួល ១២ខែចំនួន  ៣៩២នាក់, ស្រី ១៤៧នាក់ សម្រាប់ឆ្នាំ ២០១៩។ ជនពិការដែលធ្ងន់ធ្ងរទទួលបានថវិកា ២៤ម៉ឺនរៀល និងជនពិការដែលក្រីក្រ ទទួលបានថវិកា ១២ម៉ឺនរៀល៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង