រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

បញ្ហាផ្លូវ ភ្លើង និងទឹក នៅតែជាតម្រូវការចំបងរបស់ប្រជាពលរដ្ឋក្នុងស្រុកសាលាក្រៅ

  • 379
  • ដោយ poeuninfo

តាមរយៈវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលបានធ្វើឡើងនៅបរិវេណវត្តសាលាក្រៅ ស្ថិតក្នុងស្រុកសាលាក្រៅ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម​ សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម​ ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន, និងដោយមានលោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីស្ថាប័នបានចូលរួមផងនោះ, បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសាលាក្រៅ បានលើកឡើងនូវសំណូមពរមួយចំនួនស្នើអោយថ្នាក់ដឹកនាំខេត្តជួយដោះស្រាយរួមមាន៖ ០១/ស្នើសុំផ្លូវក្រាលកៅស៊ូមួយខ្សែពីរវង្វង់មូលទីប្រជុំជនស្រុក កាត់តាមស្ពានសាលាក្រៅ ឆ្ពោះទៅដល់ភូមិអូរចិត្តប្រាំ។ ០២/សំណូមពរសុំបង្គោលភ្លើងនៅក្នុងភូមិស្រះពីរ។ ០៣/ស្នើសុំអណ្តូងទឹកនៅភូមិស្រះពីរ។ ៤/ស្នើសុំសាងសង់ផ្លូវថ្មីខាងកើតស្ទឹង ចាប់ពីស្រុកសាលាក្រៅមកក្រុងប៉ៃលិន។ ៥/ស្នើសុំជួយដោះស្រាយទំនាស់ដីធ្លីនៅភូមិអូររអិល។

ឯកឧត្តម​ សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៏ថា៖ ការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍តាមមូលដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារប្រជាពលរដ្ឋអោយមានភាពរីកចម្រើន។ ដូច្នេះចំពោះរាល់បញ្ហា និងសំណូមពរដែលបងប្អូនប្រជាពលរដ្ឋលើកឡើងនេះ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋអោយបានល្អ និងឆាប់រហ័ស។ ដោយឡែកបញ្ហាខ្លះៗទៀត ដែលថ្នាក់ដឹកនាំស្រុក និងអង្គភាពជំនាញពាក់ព័ន្ធមិនមានលទ្ធភាពដោះស្រាយបានទេ ត្រូវធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត និងថ្នាក់ជាតិ ដើម្បីបន្តជួយដោះស្រាយជូនប្រជាពលរដ្ឋបន្ថែមទៀត ដែលនេះជាគោលនយយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។  

        សូមបញ្ជាក់ថា៖ ការរៀបចំវេទិការសាធារណៈជាមួយប្រជាពលរដ្ឋនៅពេលនេះមានគោលបំណង និងស្តាប់នូវបញ្ហាសំណូមពរសំខាន់ៗរបស់ប្រជាពលរដ្ឋ លើក​កម្ពស់​​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈ​សកម្ម​ភាព​​របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្នុង​ការ​ជួបប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រ​ជា​ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើរ សំណូមពរ និងបញ្ហា​​ប្រ​ឈម​នាននៅតាមមូលដ្ឋាន និង ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលនានា​របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួម​អនុវត្ត​កម្ម​វិធី​នយោបាយនោះ។ ដោះស្រាយ និងបូកសរុបសំណើរ សំណូមពរ បញ្ហាប្រឈម​នានានៅមូលដ្ឋានដើម្បីកំណត់ទិសដៅ វិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវកា​ររបស់​ប្រជាពលរដ្ឋ ដើម្បីអោយការអនុវត្តតាមកម្មវិធីគោល​នយោបាយ​របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ​បាលអោយមានប្រសិទ្ធិ និងជោគជ័យ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង