រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ខេត្តប៉ៃលិនបង្កើតអោយមានក្លឹបកីឡាស្គីក្តារនៅក្នុងខេត្តប៉ៃលិន

  • 620
  • ដោយ poeuninfo

រសៀលថ្ងៃច័ន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលកំសាន្តស្គីភ្នំយ៉ាតខេត្តប៉ៃលិន មានរៀបចំពិធីសម្ភោធអោយដំណើរការនូវក្លឹបកីឡាស្គីក្តារនៅក្នុងខេត្តប៉ៃលិន ដែលមានឈ្មោះថា ”ក្លឹបរូល័រក្ងោកទេពប៉ៃលិន”  ដែលពិធីនេះមានការអញ្ជើញចូលរួមពី លោក គង់ ចិន្តា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត, លោក កុសល ពិសី ប្រធានសហព័ន្ធកីឡាស្គីក្តារ និងកង់កម្ពុជា និងលោក ម៉ុក ឆេងឡុង ប្រធានក្លឹបរូល័រក្ងោកទេពប៉ៃលិន។

        លោក ម៉ុក ឆេងឡុង ប្រធានក្លឹបរូល័រក្ងោកទេពប៉ៃលិនបានបញ្ជាក់ថា៖ កីឡាស្គីក្តារ គឺជាកីឡាមួយដែលនាំមកនូវសុខភាពល្អ និង ស្មារតីរឹងមាំសម្រាប់កីឡាករគ្រប់រូប។ វិញ្ញាសារកីឡានេះត្រូវបានគេបញ្ចូលទៅក្នុងកម្មវិធីប្រគួតប្រជែងនានាទាំងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។ ដូច្នេះហើយទើបសហព័ន្ធកីឡាស្គីក្តារ និងកង់កម្ពុជា សម្រេចបង្កើតក្លឹបកីឡាស្គីក្តារនៅក្នុងខេត្តប៉ៃលិននេះឡើង សម្រាប់ប្អូនៗ ដែលស្រលាញ់វិស័យកីឡាស្គីក្តារនេះបានចូលរួមហ្វឹកហាត់ លេងកំសាន្ត និងឈានដល់ការជ្រើសរើសបាននូវកីឡាករដែលមានសមត្ថភាព សម្រាប់ចូលរួមប្រគួតប្រជែងនៅថ្នាក់ជាតិផងដែរ។

        លោក គង់ ចិន្តា អនុប្រធានមន្ទីរអប់រំ និងយុវជនខេត្តប៉ៃលិនបានសម្តែងការរីករាយ ដែលក្លឹបរូល័រក្ងោកទេពខេត្តប៉ៃលិនបានបង្កើតឡើង ដែលផ្តល់ឱកាសអោយប្អូនៗបានហ្វឹកហាត់ នឹងកម្សាន្តសប្បាយ ជៀសផុតឆ្ងាយពីគ្រឿងញៀន និងល្បែងពាលាផ្សេងៗ។ លោកគង់ ចិន្តា បានមានប្រសាសន៍ថា៖ វិស័យកីឡារបស់ប្រទេសកម្ពុជាយើង កំពុងមានការរីកចំរើនជាលំដាប់។ សមត្ថភាពកីឡាករ កីឡាការនីរបស់យើងក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ និងមានភាពស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោកផងដែរ។ លោកបានបន្តថា កីឡាស្គីក្តារ​នេះ គឺជាកីឡាមួយប្រភេទទៀត ដែលមានការចាប់អារម្មណ៍ និងមានចំណង់ចំណូលចិត្តពីប្អូនៗកុមារា កុមារីដែលជាទំពាំងស្នងឬស្សី ហើយនៅថ្ងៃអនាគត់ កីឡានេះនឹងក្លាយជាកីឡាមួយដែលពេញនិយមក្នុងស្រទាប់យុវជនខ្មែរយើង។ លោកក៏បានសំណូមពរដល់គ្រូបង្វឹក និងក្លឹបកំសាន្តត្រូវខិតខំបន្ថែមទៀតក្នុងការពង្រឹងវិស័យកីឡាស្គីមួយនេះ នៅខេត្តប៉ៃលិនអោយបានកាន់តែល្អប្រសើរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង