រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

រថយន្ដកែឆ្នៃ និងម៉ូតូអត់ភ្លើបំភ្លឺផ្លូវទាំងពីរ បើកបុកគ្នាពេញទំហឹង ស្លាប់ម្នាក់នៅកន្លែងកើតហេតុ

  • 672
  • ដោយ poeuninfo

កាលពីវេលាម៉ោង១៨ និង ៣០នាទីព្រលប់ ថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត​ឡើង រវាងរថយន្ដកែឆ្នៃបុកជាមួយម៉ូតូ នៅចំណុចអូរត្រែង ស្ថិតក្នុងភូមិទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបណ្តាលអោយយុវជនម្នាក់ឈ្មោះ ផាន ម៉េង ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដេកស្លាប់នៅនឹងកន្លែងកើតហេតុ។

ដោយយោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានអោយដឹងថា៖ យានបង្ករទាំងពីរបានបើកច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ដោយគ្មានភ្លើងបំភ្លឺផ្លូវទាំងរថយន្ត និងម៉ូតូ ធ្វើឲ្យអ្នកបើកបរមើលផ្លូវមិនច្បាស់ ​ទើបបណ្ដាល​កើតមានគ្រោះថ្នាក់ចរាចរណ៍​កើតឡើង។

អ្នកបើករថយន្ដកែឆ្នៃឈ្មោះ នាក់ ផាន់ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន​ក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងអ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ធន់ ភេទប្រុស អាយុ៣០ឆ្នាំ  រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន អ្នកទាំងពីរគ្មានរងរបួសទេ។ ដោយឡែកអ្នកបើកបរ​ម៉ូតូ ម៉ាកHonda Dream C125 សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ប៉ៃលិន 1A-3161  មានឈ្មោះ ផាន ម៉េង ភេទប្រុស អាយុ ២០ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

       ករណីខាងលើកម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាល​ក្រុងប៉ៃលិន បានធ្វើការវាស់វែង រួចយករថយន្ដ និងម៉ូតូមករក្សាទុក​នៅអធិការដ្ឋាន​នគរបាលក្រុងប៉ៃលិន ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយ៖  វួច ពឿន

អត្ថបទទាក់ទង