រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតិអោយប្រតិភូយោធាថៃ ខេត្តចន្ទ័បុរី-ត្រាត ចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ

  • 503
  • ដោយ poeuninfo

នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតអោយប្រតិភូយោធាថៃ ដែលដឹកនាំដោយលោកវរៈនាវីឯក ជីឡូត សុខអាឡាម ប្រធានការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ប្រចាំខេត្តចាន់បូរី-ត្រាត ចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ អោយបានកាន់តែជិតស្និទ្ធថែមទៀត។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងការកោតសរសើចំពោះ ការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ប្រចាំខេត្តចាន់បូរី-ត្រាត នៃព្រះរាជាណាចក្រថៃ  និងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ខេត្តប៉ៃលិន ដែលកន្លងមកបានធ្វើកិច្ចសហប្រតិបត្តការគ្នាល្អលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បាន​សំនូមពរដល់ភាគីថៃ បន្តសហប្រតិបត្តិការល្អបន្ថែមទៀត លើបញ្ហាទាំងអស់នេះ ដោយបង្ករលក្ខណៈងាយស្រួលសម្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានធ្វើដំណើរចេញ-ចូល ឆ្លងដែនដោយសុវត្ថិភាព, សម្រួលការនាំចេញកសិផលរបស់ខេត្តប៉ៃលិនចូលក្នុងប្រទេសថៃ, ការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិន និងការទប់ស្កាត់បទល្មើសនៅតាមព្រំដែនជាដើម។

ជាការឆ្លើយតបលោកវរៈនាវីឯក ជីឡូត សុខអាឡាម ប្រធានការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ប្រចាំខេត្តចាន់បូរី-ត្រាត នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងទទួលនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ដើម្បី​បង្កើន​​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយបានកាន់តែល្អប្រសើឡើង។ ក្នុងឱកាសនោះលោកវរៈនាវីឯក ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែល​កន្លង​មកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីរក្សាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើអោយផលប្រយោជន៍​របស់​ប្រជាជននៃ​​ប្រទេសទាំងពីរ ដោយ​ស្មើភាព និងស្មោះត្រង់៕ ពិនិត្យ និងកែសម្រួល៖ វួច ពឿន

អត្ថបទទាក់ទង