រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំមន្រ្តីរាជការក្រោមឱវាទ កាន់បិណ្ឌវេនទី០២ នៅវត្តពោធិមារាម

  • 677
  • ដោយ poeuninfo

ថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោក ជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ប្រជាពុទ្ធបរិស័ទបានអញ្ជើញកាន់បិណ្ឌ វេនទី២ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

​​​​​ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការប្រារព្វពិធីបុណ្យកាន់វេណបិណ្ឌនេះ គឺធ្វើឡើងតាមប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ ដែលដូនតាបានបន្សល់ទុកតាំងពីយូយាណាស់មកហើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌឆ្នាំនេះ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការក្នុងប៉ៃលិនបានទទួលកាន់វេណបិណ្ឌចំនួន៦វេណ គឺ វេណទី២ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី, វេណទី៣ នៅវត្តបេងសុវណ្ណរាម ហៅវត្តបេង, វេណទី៨ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង, វេណទី១១ នៅវត្តសន្តិមារាម ហៅវត្តអូរច្រា, វេណទី១៣ នៅវត្តអូរអឹល និងវេណទី១៤ នៅវត្តភ្នំដំបង។

ក្នុងឱកាសនៃការកាន់វេណបិណ្ឌនៅវត្តប៉ាហ៊ីនេះ ឯកឧត្តម ផាន់ ចាន់ធុល​ អភិបាលខេត្ត និងថ្នាក់ដឹកនាំ​ មន្រ្តីរាជការ ​បាន​នាំ​យក​ទេយ្យ​ទានមួយចំនួន និង បច័្ចយ​ចំនួន​៥,៥៣៥០០០ ​រៀល​សំរាប់​បន្ត​កសាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​ និង​បាន​ប្រគេន​បច្ច័យដល់​ព្រះសង្ឃ ចំនួន៣៥អង្គ ក្នុងមួយអង្គៗទទួលបាន ចំនួន២០០០០រៀល​ផង​ដែរ​។

សូមបញ្ជាក់ថា៖ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃ-ខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដែលទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ចំណែកថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យភ្ជំ។ មូលហេតុនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកប្រេត និងញាតិទាំង ៧សណ្ដាន ដែលបានចែកឋាន លាចាកលោកនេះទៅហើយ៕ វួច ពឿន

អត្ថបទទាក់ទង