រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អណត្តិទី៣

  • 543
  • ដោយ poeuninfo

ព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តទី៣ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តនូវរបាយការណ៍ការងារប្រចាំខែសីហា និងផែនការការងារខែកញ្ញា ឆ្នាំ២០១៩របស់រដ្ឋបាលខេត្តប៉ៃលិន ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅក្នុងខេត្តប៉ៃលិន នាខែសីហា ឆ្នាំ២០១៩កន្លងទៅ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។អញ្ញើញចូលរួមក្នុងកិច្ចប្រជុំនោះមានប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុក ក្រុងស្រុក និងក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ។ 

កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹក ដោយមាន សមាជិក សមាជិកានៃអង្គប្រជុំ​ បានលើក​ឡើង​អំពីបញ្ហាប្រឈមនានា ដើម្បីធ្វើការដោះស្រាយ រួមមាន៖ ការដាច់សំណរជញ្ជីងថ្លឹងពោត-ដំឡូងនៅតាមសៃឡូមួយចំនួនដែលខុសពីធម្មតា, ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅទូទាំងខេត្តចាក់សាំងមិនគ្រប់លីត្រនៅឡើយ, ការផ្តល់សេវានានាជូនប្រជាពលរដ្ឋនៅច្រកចេញ-ចូលតែមួយនៅថ្នាក់ក្រុង-ស្រុក មានភាពយឺតយ៉ាវ និងពុំទាន់មានតារាងតម្លៃសេវាគ្រប់គ្រាន់នៅឡើយ , ការដាច់អំពូលភ្លើងនៅតាមបង្គោលសាធារណៈ តាមដងផ្លូវ ក្នុងទីរួមខេត្ត ជាពិសេសបង្គោលភ្លើងដាច់នៅចំណុចភ្នំ៧៥ផ្លូវទៅព្រំ។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៏ថា៖​ បញ្ហាដែល​សមាជិក សមាជិកានៃអង្គប្រជុំបានលើកឡើងនាពេលនេះ រដ្ឋបាលខេត្តនឹងខិតខំយកចិត្តទុកដាក់ ជំរុញការដោះស្រាយអោយបានល្អ ក្នុងន័យកែលំអរ និងបំរើសេវាជូនប្រជាពលរដ្ឋ​អោយបាន​ល្អ​ប្រសើ​រ​ និងច្បាស់លាស់ជាងមុន។ ឯកឧត្តមបានបន្តថា៖ រដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងជំរុញការលើកកំពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានណែនាំដល់មន្រ្តីជំនាញនៃមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវខិតខំដោះស្រាយនូវបញ្ហាប្រឈមដែលក្រុមប្រឹក្សាបានលើកឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់។

        ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត មានភារកិច្ចក្នុងការជំរុញកិច្ចការអភិវឌ្ឍ និងលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសជំរុញការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង អោយបានល្អប្រសើជូនប្រជាពលរដ្ឋ។ ជាការពិត សមិទ្ធិផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក មានទំហំធំធេងឆ្ងាយ បើប្រៀបនឹងចំណុចខ្វះខាត និងបញ្ហាប្រឈមនានា។ ប៉ុន្តែយើងក៏ត្រូវតែរួមគ្នាដោះស្រាយអោយដូចភ្លៀងរលឹម ដើម្បីជាតិ និងប្រជាជនរបស់យើង។ ឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជាការ កងកំលាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រកាន់នូវគោលការណ៍សាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិប័តការល្អជាមួយគ្នា ទាំងនៅក្នុងស្ថាប័ន និងនៅក្រៅស្ថាប័នរបស់ខ្លួន។ ឯកឧត្តមក៏បានណែនាំដល់គណអភិបាលខេត្ត ត្រូវពង្រឹងការ​អនុវត្តន៏គោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយមានប្រសិទ្ធិភាពខ្ពស់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន

 

អត្ថបទទាក់ទង