រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បើកមហោស្រពសិល្បៈចម្រៀងខ្មែរ ជាសកលលើកទី៥ថ្នាក់ខេត្តឆ្នាំ២០១៩

  • 592
  • ដោយ poeuninfo

     នៅស្រុកសាលាក្រៅរសៀលថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៩ មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិនបានប្រារព្ធពិធីបើកមហោស្រពសិល្បៈ ចម្រៀងខ្មែរ ជាសកលលើកទី៥ ថ្នាក់ខេត្ត ឆ្នាំ២០១៩ ក្រោមអធិបតីយភាព លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក កងកំលាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។          

           លោក ព្រំ រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិនបានអោយដឹងថា៖មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈតែងតែធ្វើមហាស្រពចម្រៀងខ្មែរជាសកលថ្នាក់ខេត្តជារាល់ឆ្នាំម្តង ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួង ដើម្បីផ្តល់ឱកាសដល់បេក្ខជន បេក្ខនារីគ្រប់ស្រទាបអោយបានបញ្ចេញសមត្ថភាព និងទេព្យកោសល្យរបស់ពួកគេ ក្នុងន័យការថែរក្សាការពារអភិរក្ស និងអភិវឌ្ឍន៏លើវិស័យវប្បធម៌ សិល្បៈមិនអោយ បាត់បង់ និងធ្វើការផ្សព្វ​ផ្សាយដល់បងប្អូនប្រជាពលរដ្ឋទៅតាមគ្រប់មូលដ្ឋានអោយបានយល់ជ្រួតជ្រាប និងបង្កើនការយកចិត្តទុកដាក់នូវការអភិរក្សប្រពៃណីវប្បធម៌ទំនៀមទំលាប់មរតកដែលបុព្វបុរសយើងបានបន្សល់ទុកជាច្រើនគណនា។លោកបន្តថា៖ការបើកមហោស្រពសិល្បៈចម្រៀងខ្មែរ ជា​​សកលនៅពេលនេះមានរយៈពេល១ថ្ងៃដែលបេក្ខជន បេក្ខនារីប្រឡងចំនួន១២នាក់ លើវិញ្ញាសារ២ទម្រង់  គឺ ទី១/ផ្នែកចំរៀងសម័យ ទី២/ផ្នែកចំរៀងប្រពៃណី ដើម្បីធ្វើការប្រកួតប្រជែងជ្រើសរើសបេក្ខជនល្អជាងគេ យកទៅប្រឡងនៅរាជធានីភ្នំពេញនាពេលខាងមុខ។

          លោកជំទាវ ជា លាប អភិបាលរងនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ការរៀបចំបើកមហាស្រពសិល្បៈចំរៀងខ្មែរសកលដើម្បីឆ្លើយតបទៅនឹងគោលនយោ​បាយរបស់រាជារដ្ឋាភិបាលកម្ពុជាក៏ដូចក្រសួងវប្បធម៌និងវិចិត្រ សិល្បៈក្នុងការពង្រឹងពង្រីងធនធានវប្បធម៌ជាតិ អោយមានការរីកចំរើនជាបន្តបន្ទាប់ ហើយជាពិសេសគឺដើម្បីថែរក្សាការពារកុំអោយបាត់បង់នូវវប្បធម៌ប្រពៃណីជាតិយើង។លោកជំទាវបន្តថា៖មហាស្រពថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់សំរាប់ខេត្តប៉ៃលិនរបស់យើង ដែលផ្អែកទៅលើមូលដ្ឋានធនធានមនុស្សដែលមានស្រាប់នៅខេត្តតែម្តង ជាពិសេសដើម្បីរំលឹកដល់គុណនុបការៈ ដ៏សំបូរបែបរបស់បុព្វបុរសខ្មែរយើងគ្រប់ជំនាន់ ព្រមទាំងលើកកម្ពស់នៃការបណ្តុះស្មារតីកូនខ្មែរគ្រប់រូបអោយចូលរួមសកម្មភាពថែរក្សាការពារមរតក វប្បធម៌អរូបីអោយបានគង់ វង្ស រុងរឿង ថ្កើងថ្កានជាឧត្តមដើម្បីជាប្រយោជន៏ជាតិយើងជារៀងរហូត។  ជាមួយគ្នាដែរលោកជំទាវក៍បានដាក់វិធានការដល់មន្ទីរវប្បធម៍និងវិចិត្រសិល្បៈ គឺទី១/ត្រូវបន្តការប្រើប្រាស់សក្តានុពលនិងតួនាទីបន្តវេណន្តដែលជាកម្លាំងចលករសំរាប់ការអភិរក្ស និងអភិវឌ្ឍន៍។ទី២/បន្តបណ្តុះ               បណ្តាលស្មារតីសេ្នហាវប្បធម៍ជាតិក្នុងស្រទាប់យុវជនតាមរយៈការសិក្សាអំពីរូប និងខ្លឹមសារ​។ទី៣/បន្តការហ្វឹកហាត់យុវជន អោយប្រកួតប្រជែង ផលិតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ បន្ថែមទៀត។ទី៤/បង្កើតអោយមានកម្មវិធីនានានៅក្នុងខេត្ត ដែលទាក់ទងនិងសកម្មភាពវប្បធម៌ ដើម្បីអោយយុវជនប្រកួតប្រជែងបញ្ចេញសមត្ថភាពទេពកោសល្យ។ ទន្ទឹមនឹងនេះលោកជំទាវក៍បានសំណូមដល់បេក្ខជនបេក្ខនារីត្រូវខិតខំបញ្ចេញអោយអស់ពីសមត្ថភាពដើម្បីទទួលបានលំដាប់ថ្នាក់ទៅប្រកួតប្រជែងនៅថ្នាក់ជាតិបន្តទៀត ។

         សូមបញ្ចាក់ថា៖ការប្រកួតប្រជែងជ្រើសរើស  បេក្ខជន បេក្ខនារីក្នុងពិធីមហោស្រពសិល្បៈចម្រៀងខ្មែរសកលលើកទី៥ថ្នាក់ខេត្តឆ្នាំ២០១៩ អស់រយៈពេល១ថ្ងៃ  ជាលទ្ធផលទទួលបេក្ខជន បេក្ខនារីទៅតាមផ្នែកនីមួយៗរួមមាន៖ផ្នែកចំរៀងសម័យលេខ១/លោក នួន វាសនា និងកញ្ញាហ៊ុ សុផល  លេខ២/លោក ហ៊ូ ប៊ុននឿន និងកញ្ញា រ៉ុម សុខហៀង និងលេខ៣គឺលោក សម្បត្តិ និមុល និងលោកស្រី មឿន អណ្តែត ។ដោយឡែក ផ្នែកចំរៀងប្រពៃណីលេខ១ /លោក ញ៉ាន់ សេដ្ឋា និងកញ្ញាវ៉ាន់ សុភ័ក្រ លេខ២/លោក ម៉ម ភារម្យនិងកញ្ញា វឿន សាវិត និងលេខ៣/លោក លូត សាលឿត និងកញ្ញាជឹម វិធី ។ លេខ១ ទទួលកម្រងផ្កា១                   ប័ណ្ណជ័យលាភីមួយ និងថវិកា ៣៥ម៉ឺនរៀល លេខ២ ប័ណ្ណជ័យលាភីមួយ ថវិកា ២២ ម៉ឺនរៀល លេខ៣ ប័ណ្ណជ័យលាភីមួយ ថវិកា២០ម៉ឺនរៀល៕

អត្ថបទទាក់ទង