រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រវ៉ាញជាបន្លែព្រៃមួយប្រភេទ ដែលពេញនិយមសម្រាប់ប្រជាពលរដ្ឋខេត្តប៉ៃលិន

  • 2.0ពាន់
  • ដោយ poeuninfo

ប្រជាពលរដ្ឋខេត្តប៉ៃលិនចូលចិត្តបរិភោគបន្លែគមក្រវ៉ាញ ហើយលើសពីនេះ ក៏មានប្រជាពលរដ្ឋជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​ចូលចិត្តបរិភោគ​បន្លែគម​ក្រវ៉ាញនេះដែរ។ អ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរដែលមកលេងកំសាន្ត​ក្នុងខេត្ត​ប៉ៃលិន តែងតែកម្មង់ឆាក្រវ៉ាញ អន្លក់ក្រវ៉ាញ ឬសម្លក្រវ៉ាញផ្សេងទៀត សំរាប់ពេលអាហារ​របស់ពួកគាត់ ហើយអ្នកខ្លះក៏បានទិញទៅពិសារនៅផ្ទះបន្ថែមទៀតផង។ បន្លែក្រវ៉ាញនេះ គេអាចយកមកធ្វើអាអន្លក់ ឆា ឬសម្ល ប្រកបដោយរស់ជាតិឆ្ងាញ់ ខ្លឹនប្រហើរ ជួយកាត់​បន្ថយការតឹងច្រមុះផងដែរ។ បន្លែក្រវ៉ាញមានដុះនៅតាមប្រៃភ្នំ ឬដីដែលមានដើម​ឈើ​ធំៗ​ដុះជុំជិត ពោលគឺដំណាំនេះត្រូវការពន្លឺថ្ងៃតិច ហើយវារើសប្រភេទដី ដើម្បីដុះលូតលាស់។ បច្ចុប្បន្ននេះ ក្រវ៉ាញក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនដាំដុះផងដែរ ដែលទទួលបាន​លទ្ធផល​គួរ​គាប់ប្រសើ។ ជាក់ស្តែង បងស្រី ឡុយ គឹមអេង  អាយុ៣៨ឆ្នាំ ជាប្រជាកសិកររស់​នៅភូមិ​បតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន គាត់បានប្រកបរបរដាំក្រវ៉ាញ​នេះ​រយៈពេល ៣ឆ្នាំមកហើយ នៅលើផ្ទាំដីចំនួន១រ៉ៃ។

បងស្រី ឡុយ គឹមអេង  បានបញ្ជាក់ថា៖ ក្នុងដីមួយរ៉ៃនេះ បងស្រីអាចប្រម៉ូលផល​ក្រវ៉ាញបានពី២០ ទៅ៣០គីឡូក្រាម ដោយបងស្រីអាចលក់នៅលើទីផ្សារ​បានតម្លៃ​៨០០០រៀល ក្នុងមួយគីឡូក្រាម។ បងស្រីបានបន្តថា ពូជក្រវ៉ាញដែលបង​ស្រីដាំនេះ​គឺយក​ពីព្រៃភ្នំ ហើយក្រវ៉ាញនេះអាចអោយផលក្នុងអាយុកាលពី៥ទៅ៦ខែ។ បន្លែក្រវ៉ាញនេះ អាចប្រម៉ូលផលនៅពេលវាមានចេញស្លេក២ ឬ៣ ប៉ុណ្ណោះ ទើបក្រវ៉ាញខ្ចីល្អ។

លោក ម៉ម សុផានី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានបញ្ជាក់ថា៖ កន្លងមក មន្ទីរបានយកចិត្តទុកដាក់ និងជម្រុញដល់​ប្រជាកសិករអោយដាំដំណាំក្រវ៉ាញ ប្រសិនបើមានដីដែលអាចសមស្របជាមួយដំណាំនេះ ព្រោះក្រវ៉ាញក៏អាចរកចំណូលបានច្រើនគួរសមសម្រាប់ប្រជាកសិករយើង  ដែលក្រៅ​ពីការដាំពោត ដាំដំឡូងប្រចាំរដូវ។ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង