រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

សមត្តកិច្ចជំនាញនគរបាលស្រុកសាលាក្រៅ ចុះស្រាវជ្រាវមុខសញ្ញាកំហែងយក (ប្លន់) និងឃាត់ខ្លួនជនសង្ស័យបាន ៥នាក់

  • 500
  • ដោយ poeuninfo

ប៉ៃលិន៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ សមត្តកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានចុះស្រាវជ្រាវមុខសញ្ញាកំហែងយក (ប្លន់) ដោយធ្វើសកម្មភាពប្លន់ប្រដាប់អាវុធក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់ រួមនឹងកាំភ្លើងកែរច្នៃចំនួន ២ដើម និងកាំបិតខ្លី១។

បើតាមប្រភពពីសមត្ថកិច្ចនៃអធិការដ្ឋានស្រុកសាលាក្រៅ បានអោយដឹងថា៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីករណីកំហែងយកសម្ភារ:បងប្អូនអ្នកធ្វើដំណើរតាមផ្លូវ និងតាមផ្ទះ(ប្លន់) ដោយជនមិនស្គាល់មុខកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចដីចម្ការជាប់អូរ ស្ថិតក្នុងភូមិអូរឬស្សីក្រោម ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ កម្លាំងនគរបាលជំនាញអធិការស្រុកសាលាក្រៅ បានបើកប្រតិបត្តិការ សហការគ្នាជាមួយកម្លាំងប៉ុស្ថិ៍ឃុំអូរអណ្ដូង និងកម្លាំងមូលដ្ឋាន បានតាមប្រម៉ាញស៊ើបអង្កេតស្រាវជ្រាវបន្ទាន់ទាំងយប់ ដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យ។

ប្រភពខាងលើបានបញ្ជាក់ថា៖ ប្រតិបត្តិការបង្ក្រាបខាងលើនេះធ្វើឡើងរយ:ពេល ៣ថ្ងៃទើបកំណត់មុខសញ្ញាបាន ប៉ុន្តែកម្លាំងសមត្ថកិច្ចមិនអាចចូលឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនោះទេ រង់ចាំឱកាសល្អទើបឆ្មក់ចូលចាប់ខ្លួនព្រោះមុខសញ្ញាខាងលើមានអាវុធជាប់នឹងខ្លួន រហូតដល់ព្រឹកឡើងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរៀបចំផែនការថ្មី ដោយបែងចែកកម្លាំងជា ២ក្រុម ហើយធ្វើការឡោមព័ទ្ធគោលដៅដែលសង្ស័យមួយកន្លែងនៅត្រង់ចំណុចដីចម្ការដំឡូងខាងកើតសៃឡូតាឡិ ហើយការកំណត់គោលដៅមុខសញ្ញាថ្មីនេះ បានអូសបន្លាយពេលវេលាដល់ម៉ោងប្រមាណ ០១និង០០នាទីរសៀលរហូតដល់ក្រុមជនសង្ស័យអត់ទ្រាំមិនបាន ក៍បានបន្លំជិះម៉ូតូចេញក្រៅពីចំណុចដេប៉ូ ភ្លាមៗក៏បានប្រទះជាមួយនឹងសមត្ថកិច្ចប្រចាំគោលដៅ ឃើញដូច្នេះក្រុមចោរកាន់តែបង្កើនល្បឿនគេចវេសមិនព្រមឲ្យសមត្ថកិច្ចត្រួតពិនិត្យ កម្លាំងនគរបាលក៍បានប្រដេញប្រកៀកប្រកិតតាមពីក្រោយ រហូតដល់មុខសញ្ញាក្រុមចោរបានផ្ទុះអាវុធសំដៅមករកកម្លាំងសមត្ថកិច្ចចំនួន ៥គ្រាប់ ហើយកម្លាំងក៏បានបាញ់តបតវិញ ដើម្បីការពារខ្លួន ហើយត្រូវកម្លាំងនគរបាលពួនស្ទាក់ សម្រុកចូលឃាត់ខ្លួនបានជនសង្ស័យតែម្តង ដោយដកហូតវត្ថុតាងមួយចំនួនរួមមាន៖ អាវុធខ្លីកែច្នៃ ០១ ដើម, អាវុធវែងកែច្នៃ ប្រើខ្យល់ ១ដើម, កាំបិតខ្លី ១ និងគ្រាប់កាំភ្លើង AK ចំនួន ០៧គ្រាប់ផងដែរ។ ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន ៥នាក់៖

ទី១-ឈ្មោះ វ៉ៃ អិ អាយុ ៣៧ ឆ្នាំ,មុខរបរមិនពិតប្រាកដ (ថ្ងៃដេកយប់ចេញប្លន់និងលួច) មានទីលំនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ  ស្រុកសាលាក្រៅខេត្តប៉ៃលិន។

ទី២-ឈ្មោះស្រស់ វណ្ណនេត អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ទី៣-ឈ្មោះបុល រ័ត្ន អាយុ ៣៣ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ទី៤-ឈ្មោះ យឿន ឈួន អាយុ ១៦ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទំនប់  ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ទី៥-ឈ្មោះ ទួន ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយពីសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យរួចទាំង ៥នាក់ កម្លាំងសមត្ថកិច្ចជំនាញផ្នែកគ្រឿងញៀនក៏បានធ្វើតេស្តទឹកនោមទៅលើជនសង្យ័យ រកឃើញមានសារធាតុញៀន ចំនួន ៤នាក់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញនគរបាលស្រុកសាលាក្រៅ កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទទាក់ទង