រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត

  • 484
  • ដោយ poeuninfo

ប៉ៃលិន៖ រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះសំណេះ​សំណាលសួរសុខទុក្ខ និងពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានចំនួន ៥ទីតាំង ក្នុងនោះក្រុងប៉ៃលិន ចំនួន ២ទីតាំង និងស្រុកសាលាក្រៅចំនួន ៣ទីតាំង​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយការស្ម័គ្រចិត្ដ គឺជាកាតព្វកិច្ច និងជាការចូលរួមអនុវត្ដន៍នូវវិធានការសុខាភិបាល ដើម្បីការពារការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងប្រទេស និងសហគមន៍ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បន្ទាប់ពីបានទទួលវ៉ាក់សាំង តាមរយៈ​ការ​កម្មងទិញ និងជំនួយ ជាបន្តបន្ទាប់ ដូចជា៖ ស៊ីណូហ្វាម, ស៊ីណូវ៉ាក់ និងអាស្ត្រាហ្សេនីកា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមធ្វើការចាក់វ៉ាក់សាំងដល់ អ្នកនយោបាយ​ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ ក្រុមអ្នកសារព័ត៌មាន និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ ហើយបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងនេះផងដែរ។

 នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា នៅតាមទីតាំងដែលជិតខ្លួនរស់នៅ ហើយមិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធាន​ការការពារ COVID-19 របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ ជាពិសេសត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗ និងជាសចាកឆ្ងាយពីគ្រឿងញៀន។

    សូមបញ្ជាក់ថា៖ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាក់ ដល់ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន គឺមានចំនួន ៥ទីតាំង៖ -ទីតាំងទី១: មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំនួន០២កន្លែង,-ទីតាំងទី២: មណ្ឌលសុខភាពក្រចាប់ ចំនួន ០១កន្លែង -ទីតាំងទី៣: មណ្ឌលសុខភាពផ្សារព្រំ ចំនួន ០២កន្លែង-ទីតាំងទី៤: មណ្ឌលសុខភាពភ្នំស្ពង់ ចំនួន ០១កន្លែង និង-ទីតាំងទី៥: មណ្ឌលសុខភាពភ្នំព្រាល ចំនួន ០១កន្លែង៕

អត្ថបទទាក់ទង