រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិនប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១

  • 717
  • ដោយ poeuninfo

ព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ គណកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ និងការងារអតីតយុទ្ធជនក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ អញ្ជើញចូលរួមនាឱកាសនោះ មានលោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជាប្រធានគណៈកម្មាធីការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន និងជា ប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្តប៉ៃលិន លោកមេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបីស្ថាប័ន លោកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងអតីតយុទ្ធជនខេត្តប៉ៃលិនចំនួន៥០នាក់។

លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ភាពមិនប្រាកដប្រជានៃការប្រែប្រួលអាកាសធាតុនៅពេលអនាគត់ និងការមិនអាចព្យាករណ៍បាន, មានតែការរួមគំនិតគ្នាខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្តើមចេញពីប្រជាជនម្នាក់ៗ និងគ្រួសារនីមួយៗ ចូលរួមក្នុងភាពជាម្ចាស់ របស់មូលដ្ឋាន សហគមន៍ ដើម្បីការរស់នៅដោយសុវត្ថភាព ធន់ជាមួយនឹងគ្រោះមហន្តរាយ។ ការគ្រប់គ្រងគ្រោះមហន្តរាយត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ និងភាពជាដៃគូរក្នុងការការ់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីការពារប្រជាជន និងទ្រព្យសម្បត្តិ គុណភាពជីវភាពរស់នៅ ក៏ដូចជាសមិទ្ធផលទាំងឡាយនៃការអភិវឌ្ឍជាដើម។ ឆ្លើយតបនឹងហានិភ័យនៃគ្រោះមហន្តរាយដែលតែងកើតមានឡើងក្នុងខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ បានប្តេជ្ញាចិត្តថា៖ នឹងបន្តអប់រំផ្សព្វផ្សាយដល់សាធារណៈជនអំពីហានិភ័យនៃគ្រោះមហន្តរាយ និងការត្រៀមបង្ការឆ្លើយតប ដើម្បីពង្រីកការយល់ដឹង និងការចូលរួមកាត់បន្ថយការខូចខាត និងបាត់បង់ដោយសារគ្រោះមហន្តរាយ ជាពិសេសយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយដល់សាធារណៈជនអោយបានទូលំទូលាយអំពីជំងឺកូវីដ១៩។ បន្តជំរុញការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរផ្លូវគោក និងពង្រឹងការអនុវត្តអោយបានតឹងរឹង ដោយសហការជាមួយអង្គការដៃគូ ចូលរួមគាំទ្រសកម្មភាពពាក់ព័ន្ធនានាក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត។ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានអោយប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ និងត្រៀមលក្ខណៈឆ្លើយតប សង្គ្រោះបន្ទាន់ក្នុងករណីគ្រោះមនហន្តរាយធម្មជាតិ ដែលអាចកើតឡើង អោយបានឆាប់រហ័ស និងទាន់ពេលវេលា។

ទាក់ទងនឹងការងារអតីតយុទ្ធជន, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ដោយមានការគិតគូពីសុខទុក្ខ និងផលប្រយោជន៍បងប្អូនអតីតយុទ្ធជន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា មានចក្ខុវិស័យក៏ខ្ពង់ខ្ពស់ ថ្លៃថ្លា បានបង្កើតសមាគមន៍អតីតយុទ្ធជនកម្ពុជា ដើម្បីឆ្លើយតប និងតបស្នងសងគុណដល់គុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ដែលបានបូជាកំលាំងកាយចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពាជាតិ មាតុភូមិ ធ្វើអោយប្រទេសជាតិមាន សុខ សន្តិភាពចូលរួមសម្រេចនូវគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ បានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាក្នុងឆ្នាំ១៩៩៨ និងបានអភិវឌ្ឍន៍ប្រទេសអោយមានការរីកចំរើនរហូតដល់បច្ចុប្បន្ននេះ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា ក្នុងនាមជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន នឹងយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង/ ស្រុក ឃុំ/ សង្កាត់អោយបានល្អប្រសើ។ បន្តជំរុញការអនុវត្តអនុសាសន៍ទាំង៩ចំណុចរបស់សម្តេចតេជោ ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា។ បន្តជំរុញធ្វើបច្ចុប្បន្នភាពសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តដែលនៅសេសសល់។ បន្តស្រាវជ្រាវ និងពិនិត្យលទ្ធភាពកសាងផ្ទះជូនអតីតយុទ្ធជនដែលពុំមានផ្ទះស្នាក់នៅសមរម្យ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានមានប្រសាសន៍កោតសរសើ និងថ្លែអំណរគុណដល់លោកជំទាវ បណ្ឌិត បាន ស្រីមុំ ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលជួបគ្រោះមហន្តរាយក្នុងខេត្តប៉ៃលិននាពេលកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍ថា លោកជំទាវ បណ្ឌិត បាន ស្រីមុំ តែងតែជួយដល់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយក្នុងខេត្តប៉ៃលិនតាំងពីពេលដែលលោកជំទាវនៅជាតំនាងរាស្រ្តមណ្ឌលប៉ៃលិនមកម្លេះ ដែលធ្វើអោយប្រជាពលរដ្ឋមានការពេញចិត្ត និងគាំទ្រលោកជំទាវជាខ្លាំង ពិសេសនៅពេលដែលខេត្តប៉ៃលិនទទួលរងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ទាក់ទងនឹងការងារអតីតយុទ្ធជន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា បានពឹងផ្អែកលើប្រធានកិត្តិយសខេត្ត ដែលជាអ្នកដឹកនាំនៅថ្នាក់ខេត្ត និងកងកំលាំងប្រដាប់អាវុធ ដែលដើរតួនាទីជាស្នូលក្នុងការទទួលខុសត្រូវ,  រួមជាមួយមន្ទីរជំនាញជាច្រើនទៀតក្នុងការរួមសហការគ្នាដើម្បីជួយការងារអតីតយុទ្ធជន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា នៅក្នុងខេត្តប៉ៃលិនមានអតីតយុទ្ធជនដែលមានដី និងមិនទាន់មានផ្ទះស្នាក់នៅសមរម្យចំនួន១៣គ្រួសារ​ និងស្នើរអោយលោកជំទាវអភិបាលខេត្តជួយដោះស្រាយ ក្នុងការសាងសង់ផ្ទះជូនពួកគាត់អោយបានគ្រប់គ្នា ដោយឡែកអ្នកដែលមិនមានទាំងដី និងផ្ទះ ក៏ត្រូវរកវិធីដោះស្រាយជូនពួកគាត់អោយបានសមរម្យផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រគល់សេចក្តីសម្រេចដែលទទួលស្គាល់លោកជំទាវបណ្ឌិត បាន ស្រីមុំ ជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិនផងដែរ៕ ដោយ៖ វួច ពឿន

អត្ថបទទាក់ទង