រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជំរុញឱ្យអាជ្ញាធរខេត្តប៉ៃលិន និងមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ធ្វើចត្តាឡីស័កពលករខ្មែរ ត្រឡប់ពីប្រទេសថៃ ដើម្បីទប់ស្កាត់កជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍

  • 685
  • ដោយ poeuninfo

ប៉ៃលិន៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្សក្រសួងសុខាភិបាល បានជំរុញដល់អាជ្ញាធរខេត្តប៉ៃលិន និងមន្ត្រីសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋខ្មែរដែលមានការសង្ស័យ ឱ្យបានត្រឹមត្រូវច្បាស់លាស់ ជាពិសេសពលករដែលទើបត្រឡប់មកពីប្រទេសថៃវិញ ដើម្បីការពារពីជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោកជំទាវបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូ និងតំណាងអង្គការ​សុខភាព​ពិភព​លោកនៅកម្ពុជា ជួបសំណេះសំណាល និងពិភាគ្សាការងារ​ជាមួយអាជ្ញាធរខេត្តប៉ៃលិន និងថ្នាក់​ដឹក​នាំមន្ទីរសុខាភិបាលខេត្ត ដែលដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមទប់ស្កាត់ការចម្លងរីករាលដាលជម្ងឹកូវីដ-១៩។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាជំងឺកូវីដ-១៩ គឺកំពុងតែក្តៅគគុកចំពោះពលករដែលឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ជាពិសេសខេត្តប៉ៃលិន ដែលកំពុងមានអ្នកជម្ងឺកូវីត-១៩ ជាបន្តបន្ទាប់ ដូច្នេះទាមទារអោយអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍  ដោយពលករឆ្លងដែនពីប្រទេសថៃ គឺត្រូវពិនិត្យសុខភាពឱ្យបានម៉ត់ចត់ត្រឹមត្រូវ និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន  មុននឹងឱ្យពួកគាត់ ត្រឡប់ទៅគេហដ្ឋានវិញ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវវេជ្ជបណ្ឌិត រដ្ឋលេខាធិការ បានមានប្រសាសន៍កោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តប៉ៃលិន និងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀត ដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមក ស្របតាមយន្តការស្តង់ដាសុខភាពពិភពលោក ក្នុងនោះឃើញថាខេត្តប៉ៃលិនបានអនុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ជាពិសេសសូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រទេសជាតិ និងប្រជាជន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងការទទួលខុសត្រូវខ្ពស់។ (ឃ្លីប)

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ បន្ទាប់ពីទទួលបានបទ​បញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល អាជ្ញាធរខេត្តប៉ៃលិន បានដាក់​កម្លាំងចម្រុះប្រចាំការ២៤ម៉/២៤ម៉ នៅតាមព្រំដែនជាមួយប្រទេសថៃ និងតាមច្រកធម្មជាតិ ចំនួន ២៥គោល​ដៅ ដើម្បីត្រួតពិនិត្យពលករដែលឆ្លងដែន ព្រមទាំងបានត្រៀមមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ សរុប ៥កន្លែង ក្នុងនោះកម្រិត១ ចំនួន៤កន្លែង និងកម្រិត ២ចំនួន ១កន្លែង  ព្រមទាំងបានផ្តល់នូវថវិកាលើកទឹកចិត្ត ដល់មន្រ្តី ប្រចាំការ និងក្រុមគ្រូពេទ្យផងដែរ។

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិនគិតដល់ពេលនេះ បានរកឃើញពលករដែលឆ្លងដែន មកពីប្រទេសថៃ ចំនួន ១៣នាក់ វិជ្ជមានជម្ងឺកូវីត-១៩ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ០៦នាក់ និងចំនួន ០៧នាក់ទៀត កំពុងសម្រាកព្យាបាល នៅក្នុងមណ្ឌលផ្ទះសំណាក់គ្រូបង្រៀនខេត្ត។

ញ៉ឹប បូរី ប៉ៃលិន 13-01-2020

អត្ថបទទាក់ទង