រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ខ្លួន

  • 459
  • ដោយ poeuninfo

ប៉ៃលិន៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្ត​ប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក និងឃុំ/សង្កាត់ជាច្រើននាក់ផងដែរ។

នៅក្នុងកិច្ចប្រជុំនាឱកាសនោះ បានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា៖ ១.បញ្ហាចរាចរណ៍នៅផ្សារប៉ាហ៊ី មានភាពរញ៉េរញៃ និងយាន្តយន្តចតគ្មានសណ្តាប់ធ្នាប់ បង្កអោយមានការកកស្ទះចរាចរណ៍ ២.បញ្ហាលូអ៊ុយនៅសងខាងផ្លូវមាននៅចំណុចក្បែរវត្តប៉ាហ៊ី និងផ្លូវចូលរហាត់ទឹក មានការខូចខាត អាចបង្កគ្រោះដល់ប្រជាពលរដ្ឋ ៣.បញ្ហាប្រជាពលរដ្ឋកាប់ទន្ទ្រានដីចម្ការ និងលុបដីនៅមាត់បឹង​និងអូរធម្មជាតិ ៤.បញ្ហាជញ្ជីងថ្លឹងកសិផលនៅតាមសៃឡូ និងស្តង់ មានភាពលំអៀង ៥.បញ្ហាតំលៃកសិផលនៅតាមស្តង់ និងសៃឡូមិនស្មើរគ្នាបង្កជាបញ្ហាដល់ប្រជាកសិករក្នុងការលក់ និងដឹកជញ្ជូន។

ក្រោយស្តាប់ការលើកឡើងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដូចនេះក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋត្រូវមានឆន្ទះមុះមុត និងភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់កំពុងប្រឈម និងសំណូមពរ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក្រុង/ស្រុក, ឃុំ/សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញ៉ាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា។

ក្នុងឱកាសនោះផងដែរលោកជំទាវ បាន ស្រីមុំ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យបានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃបន្ថែមទៀត ជាពិសេសសក្តានុពលរបស់ខេត្តដែលមានស្រាប់ ដូចជា វិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម ដែលជាចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យបានកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ជា ចាន់ឌិន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្ត ដែលកន្លងមកបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេសការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានមានប្រសិទ្ធិភាព និងការអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់។

 នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានស្តីទី ក៍បានមានប្រសាសន៍ក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩៕

អត្ថបទទាក់ទង