រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន បានស្នើដល់គណៈកម្មការផ្សារ អាជីវករ និងអាជ្ញាធរពាក់ព័ន្ធ សហការគ្នា សាងសង់ផ្សារថ្មីឱ្យបានឆាប់រហ័ស ដើម្បីឆាប់បានដំណើរការលក់ដូរឡើងវិញ

  • 510
  • ដោយ poeuninfo

ប៉ៃលិន៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការរៀបចំសាងសង់ផ្សារថ្មី (ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី) ផ្នែកខាងលើ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើដល់គណៈកម្មការផ្សារ និងអាជីវករ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នា ធ្វើយ៉ាងណាសាងសង់ផ្សារថ្មីឱ្យបានឆាប់រហ័ស ដើម្បីឆាប់បានដំណើរការលក់ដូរ និងធ្វើអាជីវកម្មឡើងវិញ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នេះ គឺបាន​សាងសង់ឡើងចាប់ពីក្រោយសមាហរណកម្មមកម្លេះ ដោយធ្វើពីឈើប្រក់សង័្កសី ដោយមាន​ផ្នែកខាងលើ និងផ្នែកខាងក្រោម ហើយបច្ចុប្បន្នផ្នែកខាងក្រោម ត្រូវបានគណៈកម្មការផ្សារ ធ្វើការសាងសង់ថ្មីឡើងវិញ​រួចរាល់ឱ្យបងប្អូនអាជីវករចូលលក់ដូរ និងធ្វើអាជីវកម្មជាធម្មតា គឺនៅសល់តែផ្នែកខាងលើ គឺមានសភាពទ្រុឌ​ទ្រោម ហើយពេលថ្មីៗនេះ បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ទៀត ដូច្នេះរដ្ឋបាលខេត្ត បានសម្រប​សម្រួល និងសហការ ជាមួយគណៈកម្មការផ្សារ និងអាជីវករ ដើម្បីធ្វើការសាងសង់ផ្សារនេះឡើងវិញ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ស្នើដល់មន្ត្រីជំនាញ ត្រូវសហការជាមួយគណៈកម្មការផ្សារ និងធ្វើការ​​សិក្សា​គម្រោង​សាងសង់​ឱ្យ​បាន​ច្បាស់លាស់​ទៅ​តាម​ស្តង់ដា ដោយ​ត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹក និង​បរិវេណងាយស្រួល​រថ​យន្ត​​បើកចូល​បាន​ស្រួ​ល ពេល​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង ក្នុង​នោះ​ដែរ​ក៍​ត្រូវធ្វើ​បង្គន់​អនា​ម័យ ធ្វើ​អាង​ស្តុក​សំរាម មានកន្លែងចតយាន្តយន្ត  ឱ្យ​​បាន​សម​ស្រប និងមានសណ្តាប់ធ្នាប់ល្អ។

​សូមបញ្ជាក់ថា៖ ផ្សារដែលចាប់ផ្តើមសាងសង់ថ្មីនេះ មានបណ្តោយ ៦៣ម៉ែត្រ និងទទឹង៨ម៉ែត្រ ដែលធ្វើពីដែក ប្រក់ដំបូលសង័្កសី ដោយប្រើពេលសាងសង់រយៈពេល ២ខែ។ ញ៉ឹប បូរី ប៉ៃលិន

អត្ថបទទាក់ទង