រដ្ឋបាលខេត្តប៉ៃលិន

Pailin Province Administration
ស្វែងរក

អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិខ្យល់កន្ត្រាក់

  • 468
  • ដោយ poeuninfo

ប៉ៃលិន៖ ក្នុងឱកាសអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងផ្តល់អំណោយស្បៀង ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ប៉ៃលិន និងជាប្រធានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយសាររដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រក់ ផ្គរ រន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមាន​ឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងប្រញ៉ាប់រាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះ​បន្ទាន់​ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ ១១៥។

សូមរំលឹកថា៖ កាលពីវេលាម៉ោង ១៦និង៤០នាទី រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ១៥៤ខ្នងផ្ទះ រងការខូចខាត ក្នុងនោះក្រុងប៉ៃលិន ចំនួន ២០ខ្នងផ្ទះ និងស្រុកសាលាក្រៅ ចំនួន  ១៣៤ខ្នងផ្ទះ ហើយអាជ្ញាធរខេត្ត បានឧបត្ថម្ភស្បៀង ដល់គ្រួសាររងគ្រោះ ក្នុង១គ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកត្រីនិងទឹកស៊ីអីវ ១យួ ត្រីខ ១យួ និងទឹកអាល់កុលលាងសម្អាតដៃ ១ដប។

ញ៉ឹប បូរី ប៉ៃលិន

អត្ថបទទាក់ទង